របាយការណ៍មួយដែល បង្ហាញពីការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុង មណ្ឌលឃុំឃាំង ក្រៅផ្លូវការក្នុងរដ្ឋធានីតួកគី បានបញ្ចូនទៅកាន់ the Stockholm Center for Freedom (SCF) ជាក្រុមសង្កេតការណ៍លើការរំលោភសិទ្ធិនៅតួកគី ។

គណនីរបស់ក្រុមមេធាវីមួយក្រុមដែលដឹងពី ករណីការឃុំខ្លួនមនុស្សចំនួន ១,០០០ នាក់បានបង្ហាញថា ប៉ូលីសបានចាប់ផ្តើមធ្វើទារុណកម្ម រំលោភបំពានលើជនរងគ្រោះ នៅក្នុងសាលកីឡាមួយដែលត្រូវបានបម្លែងទៅជាមណ្ឌលឃុំខ្លួន ជិតសាលាក្រុងអង់ការ៉ា។

មណ្ឌលនេះបានគ្រប់គ្រងដោយអាជ្ញាធរប្រព័ន្ធចែកចាយទឹករបស់រដ្ឋ (DSI) ត្រូវបានគេប្រើដើម្បីក្នុងការធ្វើទារុណកម្មទាំងពាក្យសំដីនិងរាងកាយលើជនរងគ្រោះ រួមមានការគំរាមកំហែងទៅការសម្លាប់ ការចាប់រំលោភ និងវាយ ព្រមទាំង ចងស្លាបសេក និងបាញ់ដោយទឹកទឹកកកត្រជាក់ថែមទៀតផង។

​មេធាវីម្នាក់សូមមិនបញ្ចេញឈ្មោះដើម្បី​រក្សាសុវត្ថិភាពផ្ទាល់ខ្លួនបានប្រាប់ SCF ថាជនសង្ស័យជាប្រុសដែលត្រូវបានគេឃុំឃាំងបានទទួលរងការធ្វើទារុណកម្ម មិនតែប៉ុណ្ណោះថែមទាំងមានការគំរាមកំហែងថានឹងរំលោភប្រពន្ធ និងកូនស្រីរបស់ពួកគេថែមទៀត។ ជនរងគ្រោះជាស្ត្រីត្រូវបានគំរាមនឹងការរំលោភសេពសន្ថវៈ។

ជនសង្ស័យម្នាក់បានប្រាប់មេធាវី «ខ្ញុំបានឮគ្រប់សព្វនៃការជេរប្រមាថ និងដាក់បណ្តាសាទៅនឹងក្រុមគ្រួសាររបស់ខ្ញុំក្នុងអំឡុងពេលសួរចម្លើយនេះ។ ពួកគេបានគំរាមកំហែងខ្ញុំថានឹងចាប់រំលោភសមាជិកគ្រួសាររបស់ខ្ញុំ។ យើងកំពុងទទួលរងនូវការរំលោភបំពាន និងអំពើហិង្សាគ្រប់បែបយ៉ាងនៅទីនេះ។​ ខ្ញុំបានឃើញបុរសម្នាក់ជាំភ្នែក ហើយ បុរសម្នាក់ទៀតមានការលំបាកក្នុងការដើរ ដោយសារតែប៉ូលីសបានរុញដំបងប៉ូលីសចូលទៅក្នុងរន្ធគូថគាត់។ មានជនរងគ្រោះជាច្រើនមានស្លាក់ស្នាមនៅលើរាងកាយរបស់ពួកគេពីការរំលោភបំពាននិងការធ្វើទារុណកម្ម។»

វេជ្ជបណ្ឌិតម្នាក់បានសរសេររបាយការណ៍មួយចងក្រងឯកសារនៃការធ្វើទារុណកម្ម ប៉ុន្តែប៉ូលីសព្យាយាមបន្លំកាលបរិច្ឆេទនៃរបាយការណ៍នេះ»។

ជនសង្ស័យដដែលបានបន្ថែមថា៖​ «យើងឮថាការធ្វើទារុណកម្មនិងការរំលោភបំពាននេះ អាចនឹងធ្វើទៅក្នុងរយៈពេលយូរ ប៉ុន្តែក្រោយមកទៀតប៉ូលីសនិយាយគ្នាថាត្រូវ ប្រញ៉ាប់ប្រញាល់ព្រោះនឹងមាន អ្នកជាប់ឃុំរាប់រយនាក់ទៀត បញ្ជូនមកទីនេះ។ ដូច្នេះប៉ូលីស ទាំងនេះ រឹតតែបន្តឹងកំរិតនៃការធ្វើទណ្ឌកម្មលើខ្លួនយើង»

ក្រុមមេធាវីដែលទម្លាយឯកសារនេះបានត្អូញត្អែរថា សាលកីឡានេះ មានតែបង្គន់ ដំណើរការ តែមួយ ប៉ុណ្ណោះ សម្រាប់មនុស្សរាប់រយនាក់ ត្រូវបានគេរក្សាទុកនៅទីនោះក្នុងស្ថានភាព ឥត​មនុ​ស្ស​ធ៍​ម។ ពួកគេត្រូវបានបង្ខំឱ្យអ្នកទាំងអស់ ដេកនៅលើឥដ្ឋនៅជាប់ៗគ្នា លើបំណែក​ក្រណាត់​ក្រាលលើឥដ្ឋ។ ពួកគេជឿថាស្ថានភាពនៅក្នុងមណ្ឌលឃុំឃាំង កាន់តែអាក្រក់ជាងក្នុងរបាយការណ៏ទៅទៀត។

សប្តាហ៍មុនព្រះរាជអាជ្ញាតួកគីចេញដីកាឃុំខ្លួនបណ្តោះអាសន្នលើមនុស្សចំនួន ៤,៩០០ នាក់ដោយចោទប្រកាន់ថាពួកគេមានទំនាក់ទំនងជាមួយនឹងចលនាហ្គូឡិន ក្នុងនោះ ១,០០៩ នាក់ ត្រូវបានឃុំខ្លួនដោយការវាយឆ្មក់ជាបន្តបន្ទាប់នៅទូទាំងខេត្តទាំង ៧២ នៃប្រទេសតួកគី។

បញ្ជីឈ្មោះជនដែលត្រូវចាប់ខ្លួនត្រូវបានបង្កើតឡើងដោយ អង្គការស៊ើបការណ៍​សម្ងាត់​ជាតិ ហៅថា M.I.T ចាប់ខ្លួនមនុស្សផ្អែកលើទស្សនៈនយោបាយនិងមនោគមវិជ្ជារបស់ពួកគេ។

តាំងពីគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការឃុំខ្លួនរបស់ពួកគេ ប៉ូលីសបានប្រើទារុណកម្ម ដើម្បីទាញយកចម្លើយសារភាពដោយបង្ខំ។ ក្នុងករណីជាច្រើនជនសង្ស័យដែលបានចាប់ខ្លួន ត្រូវបានបង្ខំឱ្យចុះហត្ថលេខាសេចក្តីថ្លែងការណ៍ដែលបានរៀបចំជាមុន។​

ជនសង្ស័យជាច្រើននាក់ដែលភាគច្រើនបម្រើការងារផ្នែកវិស័យអប់រំអ្នក​អប់រំត្រូវបានគេចោទប្រកាន់ថាជាសមាជិកនៃចលនាហ្គូឡិន ដែលជាអ្នករិះគន់ដល់​របបផ្តាច់ការនិង គាបសង្កត់របស់ ប្រធានាធិបតីអេដូហ្គេន។

ជនសង្ស័យត្រូវបានឃុំខ្លួនដោយមេធាវីរបស់ពួកគេពុំ​បានដឹងឮ និងសួរចម្លើយដោយ គ្មានវត្តមានមេធាវីរបស់ពួកគេ។

ឯកសារសម្ងាត់មួយរបស់រដ្ឋាភិបាលដែលបានលេចធ្លាយកាលពីឆ្នាំមុន បានបង្ហាញថាក្រុមប៉ូលីសរបស់ប្រទេសតួកគីប្រើប្រាស់មណ្ឌលឃុំឃាំងមិនផ្លូវការ មាននៅទូទាំងប្រទេសដោយពួកគេមានការ ព្រួយបារម្ភ ខ្លាចមានដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូមកពីក្រុមប្រឹក្សាអឺរ៉ុប (CoE) គណៈកម្មាធិសម្រាប់ការទប់ស្កាត់ នៃការធ្វើទារុណកម្ម (CPT) ដែលត្រូវបានកំណត់ពេលវេលាមក ត្រួតពិនិត្យស្ថានភាព ក្នុងគុក កំឡុងពីថ្ងៃទី ២៨ សីហា និង ៦ ខែកញ្ញាឆ្នាំ ២០១៦។ អនុប្រធានស្តីទីនគរបាលជាតិនៃ ប្រទេសតួកគី បានព្រមានទៅមន្ត្រីទាំងអស់អំពីដំណើរទស្សនកិច្ច និងបញ្ជាមិនឱ្យពួកគេ ប្រើប្រាស់សាលកីឡាជាមណ្ឌលឃុំខ្លួនក្នុងអំឡុងពេលប្រតិភូនៅក្នុងប្រទេស។ និងបានស្នើឱ្យមន្ត្រីប៉ូលីសគោរពតាមច្បាប់អន្ដរជាតិនៃការឃុំខ្លួនខណៈពេលដែលគណៈប្រតិភូស្នាក់នៅក្នុងប្រទេសតួកគី និងបានបញ្ជាឱ្យពួកគេរៀបចំ មណ្ឌលឃុំឃាំងទាំងអស់ឡើងវិញ និងធ្វើអោយមណ្ឌលឃុំឃាំងរួចរាល់សម្រាប់ការត្រួតពិនិត្យ ឱ្យបានលឿនតាមដែលអាចធ្វើបាន។

ទីតាំងដែលអ្នកជាប់ឃុំដែលត្រូវគេធ្វើទារុណកម្មមាន Ayaş នៅក្នុងស្រុក Sincan កន្លែងហាត់កីឡានៅឯទីស្នាក់ការកណ្តាលប៉ូលីសទីក្រុងអង់ការ៉ា កន្លែងហាត់កីឡា នៅសាលានគរបាលទីក្រុងអង់ការ៉ា ទីស្នាក់ការកណ្តាលកងកំលាំងពិសេសនៅក្នុងស្រុក Gölbaşıនៃទីក្រុងអង់ការ៉ា​ កន្លែងឃុំខ្លួនសំងាត់នៅ Silivri នៃទីក្រុងអ៊ីស្តង់ប៊ុល និងពន្ធនាគារក្នុងស្រុក Sincan ទីក្រុងអង់ការ៉ា ឃ្លាំងមួយនៅពីក្រោយទីស្នាក់ការប៉ូលិសទីក្រុងអង់ការ៉ា កន្លែងហាត់កីឡានៅ សាលានគរបាលGaffar Okkan របស់ទីក្រុងDiyarbakir និងកន្លែងហាត់កីឡា Bağlar Diyarbakir។ បន្ទប់ប្រជុំរវាងមេធាវីនិងអ្នកជាប់ឃុំនៅស្ថានីយ៍ប៉ូលីស Vatan នៅក្នុងក្រុងអ៊ីស្តង់ប៊ុល ត្រូវបានគេជឿផងដែរថាជាកន្លែងដើម្បីធ្វើទារុណកម្ម។

បើទោះបីរដ្ឋាភិបានមានបំណងលុបដានខ្លួនឯងចោលក៏ដោយ CPT បានចងក្រងជាឯកសារក្នុងករណីធ្វើទារុណកម្មនិងការរំលោភបំពានដ៏ធ្ងន់ធ្ងរ នៅអំឡុងដំណើរទស្សនកិច្ចស្វែងរកការពិតក្នុងគុកប្រទេសតួកគី។ នោះហើយជា មូលហេតុដែលរដ្ឋាភិបាលតួកគីបានបដិសេធការស្នើរសុំរបស់ CPT ក្នុងការ ចែកចាយរបាយការណ៏ទាំងនោះជាសាធារណៈ។

នៅខែធ្នូ ឆ្នាំ២០១៦ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការ ធ្វើទារុណកម្ម លោក Nils Melzer បាននិយាយអំពីបរិយាកាសដែល អំណោយផលដល់ ការធ្វើទារុណកម្មក្រោយរដ្ឋប្រហារបរាជ័យក្នុងប្រទេសតួកគីនៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦។ លោកបានកត់សម្គាល់ថា ប្រទេសតួកគីគឺមិនបានបន្តការស៊ើបអង្កេត លើការចោទប្រកាន់ថាបានធ្វើទារុណកម្មនោះទេ។ ដំណើរទស្សនកិច្ចរបស់លោក Melzer លើកដំបូងដែលជាអ្នកជំនាញនៃការធ្វើទារុណកម្មរបស់អង្គការសហប្រជាជាតិគឺនៅឆ្នាំ ១៩៩៨ ទៅប្រទេសតួកគី គឺមួយខែបន្ទាប់ពីចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទៅលើប៉ូលិសតួកគីថា បានធ្វើទារុណកម្ម លើអ្នកជាប់ឃុំឃាំង។ នៅថ្ងៃទី ២៧ ខែតុលា នៅក្នុងរបាយការណ៍ «ការត្រួតពិនិត្យទទេរស្អាត៖ ការបាត់បង់ច្បាប់ក្នុងគុកនិង ទារុណកម្មក្រោយរដ្ឋប្រហារ» មានឯកសារចំនួន ១៣ ដែលមានឧប្បត្តិហេតុដែលទាក់ទងនឹងការរំលោភបំពាន អ្នកជាប់ឃុំឃាំង ក្រោយរដ្ឋប្រហាររបស់តួកគី។ ការចោទប្រកាន់នៃករណីរំលោភបំពាននោះ រួមមានការគាបសង្កត់មិនអោយគេងមិនគ្រប់គ្រាន់ ការវាយដំយ៉ាងធ្ងន់ធ្ងរ ការរំលោភបំពានផ្លូវភេទ និងការគំរាមកំហែងនៃការរំលោភ។

កាលពីថ្ងៃទី ២៤ ខែកក្កដា អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានរាយការណ៍ថាខ្លួនបានទទួលភស្តុតាងដ៏មិនគួរឱ្យជឿរបស់ជនជាប់ឃុំនៅប្រទេសតួកគី ថាមានការវាយដំ ទទួលរងការធ្វើទារុណកម្ម និងការរួមបញ្ចូលទាំងការរំលោភសេពសន្ថវៈ, ចាប់តាំងពីរដ្ឋប្រហារបរាជ័យនៅថ្ងៃ ១៥ ខែកក្កដា។

លោក SelçukKozağaçlı ប្រធានសមាគមមេធាវី (CHD) បានឱ្យដឹងថា ក្នុងអំឡុងពេល មហាសន្និបាត​ របស់គណៈមេធាវីទីក្រុងអង់ការ៉ានៅថ្ងៃទី ១៦ ខែតុលា មនុស្សដាក់ពន្ធនាគារ ជាផ្នែកមួយ​នៃការបង្ក្រាបរបស់រដ្ឋាភិបាលលើចលនាហ្គូឡិន កំពុងត្រូវបានធ្វើទារុណកម្មជាប្រព័ន្ធតាមវិធីព្រៃផ្សៃ រួមមានការរំលោភសេពសន្ថវៈ, ការដកក្រចក និងការបញ្ចូលវត្ថុផ្សេងៗទៅក្នុងរុន្ធគូថរបស់ពួកគេ។

លោក Kozağaçlı បាននិយាយថា «ពួកគេបានដកក្រចករបស់មិត្តរួមការងារ [ក្នុងអំឡុងពេលការឃុំខ្លួន] នៅស្ថានីយ៍ ប៉ូលីស។ ជឿខ្ញុំទៅ ខ្ញុំបានឃើញមនុស្សដែលបានទទួល ការវះកាត់ពោះវៀន បន្ទាប់ពីពួកគេត្រូវបានគេធ្វើទារុណកម្មជាមួយនឹងវត្ថុបានបញ្ចូលទៅក្នុងរន្ធគូថរបស់គេនៅក្នុងស្ថានីយ៍ពន្ធនាគារប៉ូលិស»។

បើយោងតាមរបាយការណ៍ SCF ចេញថ្ងៃទី ២២ ខែមិនាឆ្នាំ ២០១៧ ក្រោមចំណងជើងថា «ការស្លាប់គួរឱ្យសង្ស័យនិងការធ្វើអត្តឃាតនៅប្រទេសតួកគី» មានការកើនឡើងនូវ ចំនួន អ្នកធ្វើអត្តឃាតនិងការស្លាប់គួរឱ្យសង្ស័យនៅប្រទេសតួកគី ភាគច្រើននៅពន្ធនាគារ ក្នុងប្រទេសតួកគី និងមណ្ឌលឃុំឃាំងដែលជាកន្លែងធ្វើទារុណកម្មការ និងការធ្វើ បាបត្រូវបានអនុវត្ត។

ភាគច្រើននៅក្នុង ៥៤ករណី  ដែលបានរៀបរាប់ក្នុងរបាយការណ៍នេះ (ដែលក្រោយមក កើនដល់ ៦០ ករណី) អាជ្ញាធរបានសន្និដ្ឋានថាពួកគេបានធ្វើអត្តឃាតដោយមិនមាន ក្នុងការស៊ើបអង្កេតឯករាជ្យណាមួយទេ។ ការស្លាប់គួរឱ្យសង្ស័យបានគេលាក់មិនអោយដឹង នៅក្នុងគុកដោយមានសម្ពាធផ្លូវចិត្ត និងការគំរាមកំហែងនៃការដាក់ពន្ធនាគារ និងការធ្វើទារុណកម្ម ពេលខ្លះវាកើតឡើងនៅពេលដែលគេដោះលែងជនសង្ស័យ ឬ មុនពេលការឃុំខ្លួនរបស់ពួកគេ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ លោក Soylu នៅថ្ងៃទី ២ ខែមេសា សរុបមានមនុស្សចំនួន ១១៣,២៦០ នាក់ត្រូវបានស៊ើបអង្កេតដោយរដ្ឋាភិបាល ដោយសារមានទំនាក់ទំនងទៅនឹងចលនាហ្គូឡិន ចាប់តាំងពីរដ្ឋប្រហារ ១៥ ខែកក្កដា ខណៈពេលដែលមនុស្សចំនួន ៤៧,១៥៥ នាក់ ត្រូវបានគេដាក់ចូលទៅក្នុងមន្ទីរឃុំ ខ្លួនបណ្តោះអាសន្ន។ នៅថ្ងៃទី ៦ ខែឧសភា រដ្ឋមន្រ្តីក្រសួងយុត្តិធម៍តួកគី លោក Bekir Bozdağ បាននិយាយថាមនុស្ស ១៤៩,៨៣៣ នាក់ត្រូវបានស៊ើបអង្កេត និង ៤៨,៦៣៦ នាក់ ត្រូវបានគេឃុំខ្លួន។

អត្ថបទនេះបានចេញផ្សាយនៅលើគេហទំព័រ Turkish Minute នៅថ្ងៃទី ៨ ខែឧសភា។