នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដែលអ្ន​កម្តាយមកពីខេត្ត Kayseri នឹងត្រូវឆ្លងទន្លេ ប៉ុន្តែនាងត្រូវ​បានចាប់ឃុំខ្លួនទោះបីទារករបស់នាងអាចប្រឈមមុខនឹងជំងឺបេះដូងនិងតម្រងនោម ដែលត្រូវការការមើលថែពីគ្រូពេទ្យដឹតដល់ក៏ដោយ។

 

អ្នកស្រីមានឈ្មោះថា Şule Gümüşoluk ដែលកំពុងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នរង់ចាំការកាត់ក្តី នៅក្នុងគុកKayseri។ តាមរយៈបទសំភាសជាមួយមេធាវីរបស់អ្នកស្រី គឺ លោក Mehmet Fatih Öztürk បានអោយដឹងថា៖

 

«យោងតាមឯកសារពេទ្យដែលយើងមាន ទារកក្នុងផ្ទៃប្រឈមមុខនឹងជំងឺ បេះដូង និង តម្រងនោម។ បេះដូងរបស់ទារកក្នុងផ្ទៃមានប្រហោង ចំណែកតម្រងនោមវិញរីកធំជ្រុល ខុសពីធម្មតា។ គ្រូពេទ្យបាន ប្រាប់ទៅអ្នកស្រីថា ទារកនេះត្រូវការការថែទាំដោយគ្រូពេទ្យជំនាញដោយបន្ទាន់។ ប្រសិនបើនាងមិនត្រូវបានឃុំខ្លួន ទារកក្នុងផ្ទៃនឹងទទួលបានការព្យាបាលតាំងពីមិនទាន់កើតម្ល៉េះ។»

 

មេធាវីរូបនេះបន្តទៀតថា ការឃុំខ្លួនអ្នកស្រី Sule​ មិនត្រឹងប្រឆាំងនឹងសិទ្ធិកុមារទេ វាប្រឆាំងនឹង ច្បាប់របស់ប្រទេសតួកគីទៀតផង។

 

«រឿងជាច្រើនដែលអ្នកសឹងមិនចង់ជឿ បានកើតឡើងខណៈពេលដែលរដ្ឋាភិបាល ដាក់ប្រទេសស្ថិតក្រោមភាពអាសន្ន ក្រោយការធ្វើរដ្ឋប្រហារ» មេធាវី  Mehmet Fatih Öztürk បាននិយាយបន្ថែម។

 

ក្រោយពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៦ ប្រទេសតួកគីបានចាប់ខ្លួនមនុស្ស ១២០,០០០ នាក់ បណ្តោះអាសន្ន និង ចាប់ឃុំខ្លួនមនុស្ស ៥០,០០០នាក់ទៀត។ ក្នុងចំណោមនោះ មានស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនពិការ និង ជនដែលងាយរងគ្រោះដទៃទៀត។