ជនជាតិតួកគីមួួយគ្រួសារត្រូវបានបញ្ឈប់មិនអោយធ្វើដំណើរដោយ អាជ្ញាធរអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍​។ ពួកគេត្រូវបានឃុំខ្លួនក្នុងបន្ទប់មួយនៃ ព្រលានយន្តហោះ Kiev Boryspil រយៈពេល ៣ ថ្ងៃ នឹងត្រូវបញ្ជូនទៅប្រទេសតួកគីវិញ នេះបើតាមការបកស្រាយក្នុងវិដេអូរបស់ បុរសរងគ្រោះផ្ទាល់។

 

Ali Yildiz ជាឪពុកបាននិយាយក្នុងវិឌេអូបង្ហោះក្នុងគណនី Twitter កាលពីថ្ងៃសៅថា គ្រួសាររបស់គាត់ ធ្វើដំណើរពីទីក្រុងបាំងកក មកឈប់នៅ ទីក្រុងគាវ ប្រទេសអ៊ុយក្រែន ដើម្បីភ្ជាប់ជើងយន្តហោះទៅ ទីក្រុងកាសាប្លង់កា នៃប្រទេសម៉ារុក។

 

តាមរយៈវិដេអូរបស់គាត់បានអោយដឹងថា ទាហាន២នាក់យាមក្រៅបន្ទប់របស់គាត់មិនអនុញ្ញាតអោយ គាត់ជិះយន្តហោះទៅទីក្រុង កាសាប្លង់កា ទេ ហើយមកប្រាប់គាត់ថា គេនឹងបញ្ជូនគាត់ទៅបាំងកកវិញ។ លុះស្អែកឡើង គេមកប្រាប់គាត់ម្តងទៀតថា គាត់មិនអាចធ្វើដំណើរទៅទីណាបានឡើយ ក្រៅពី ទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។

 

វីដេអូរបស់គាត់ជាការស្នើរសុំជំនួយ ដោយគាត់បាននិយាយថា «ខ្ញុំមិនដឹងពីមូលហេតុដែលគេធ្វើដូចនេះទេ សូមជួយខ្ញុំផង!»

 

គ្រួសារបស់លោក ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងជាមួយចលនាហ្គូឡិន ជាក្រុមដែលរដ្ឋាភិបាលចោទប្រកាន់ថា ជាមេខ្លោងនៃរដ្ឋប្រហារបរាជ័យ ថ្ងៃ ១៥ កក្កដា ឆ្នាំ ២០១៦។

 

រដ្ឋប្រហារដែលបានកើតឡើងនេះ សម្លាប់មនុស្ស ២៤០ នាក់ និង បង្ករបួសដល់មនុស្ស រាប់ពាន់នាក់។ ក្រោយរដ្ឋប្រហារ រដ្ឋាភិបាលតួកគីបានចោទប្រកាន់ចលនាហ្គូឡិន តែចលនា នេះបានបដិសេធ ថាមិនមានទាក់ទងនឹងការរៀបចំរដ្ឋប្រហារឡើយ។

 

ប្រធានាធិបតី អេដូហ្គេន ស្នើរអោយ រដ្ឋាភិបាលបរទេសដាក់ទោស អ្នកគាំទ្រចលនាហ្គូឡិនដែលមាន ក្នុងប្រទេសរបស់ពួកគេ ។ មកដល់បច្ចុប្នន្ន ប្រទេស រ៉ាប់ប៊ីសោឌីត មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង​ហ្ស៊ក់ហ្សី បានធ្វើតាមសំណើរនេះ។

 

លោក Muhammet Furkan Sökmen ជាឧទាហរណ៏ លោកជា គ្រូបង្រៀនក្នុងសាលារៀនក្រោម ចលនាហ្គូឡិន ២កន្លែងនៅប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានចាប់ខ្លួនទៅប្រទេសតួកគីដោយបង្ខំ ទោះបីគាត់បានទទូចសុំអោយមានជំនួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ គាត់ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះពេលទៅដល់ និង ត្រូវបានគេសួរចម្លើយ។

 

បើតាមការទទួចមួយទៀត ជាវីដេអូបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដែរ ប្រពន្ធរបស់Sökmen គឺ អ្នកស្រី Ayşe និង កូនស្រី Sibel ត្រូវបានចាប់ខ្លួនដោយប៉ូលីសអន្តោរប្រវេសន៏ បញ្ឈប់ដំណើរការ លិខិតឆ្លងដែនរបស់ពួកគេ ។

Related News